ព្រឹត្តិការណ៍

ពិធីសម្ភោធ អាជ្ញាប័ណ្ណ ត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងសិក្ខាសាលា ស្តីពី ការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់

URATA (CAMBODIA) CO., LTD. បានប្រារព្ធពិធីសម្ភោធក្រុមហ៊ុននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមជាក្រុមហ៊ុនបរទេសទី១ដែលបានទទួលអាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅកម្រិត១។

URATA (CAMBODIA) CO., LTD. បានប្រារព្ធពិធីសម្ភោធក្រុមហ៊ុននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១០ និង៣០នាទី នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអបអរក្នុងនាមជាក្រុមហ៊ុន បរទេសទី១ ដែលបានទទួលបានអាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅកម្រិត១ នៅក្នុងប្រទេសកម្ពុជា។

ភ្ញៀវកិត្តិយស​ដែលអញ្ជើញចូលរួម រួមមាន ឯកឧត្តម ថេង ច័ន្ទសង្វារ នាយកខុទ្ធកាល័យ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម Masahiro Mikami, ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម Gotaro Ogawa អតីតអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Katsuhiro Shinohara តំណាងរបស់ CIESF, អ្នកនាង Marisa Haruta នាយករបស់ JETRO Cambodia និងលោក Yogo Kanda ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំប្រទេសកម្ពុជា។ 

ខាងឆ្វេង: លោក URATA Kazuya
ប្រធានក្រុមហ៊ុនURATA (CAMBODIA) CO.,LTD.
ខាងស្តាំ: ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រូបថតនេះត្រូវបានថតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

លោក URATA Kazuya ប្រធានក្រុមហ៊ុន URATA (CAMBODIA) CO., LTD. បានបើកថ្លែងសន្ទរកថា “យើងជឿជាក់ថា ក្នុងនាមជាក្រុមហ៊ុនបរទេសទី១ ដែលបានទទួលអាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅកម្រិត១ គឺជាទាមទារក្នុងការផ្លាស់ប្តូរបច្ចេកទេសសំណង់របស់ជប៉ុន។ យើងទទួលស្គាល់ថា យើងមានទំនួលខុសត្រូវ​ក្នុងការជួយបច្ចេកទេសសាងសង់របស់ប្រទេសកម្ពុជាអោយមានភាពរីកចម្រើន ដើម្បីការពារ សុខមាលភាព ,ទ្រព្យសម្បត្តិ, និងធានានូវគុណភាព សុវត្ថិភាពរបស់សំណង់។ លើសពីនេះទៀត យើងមិនត្រឹមតែផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់សំណង់ប៉ុណ្ណោះទេ តែយើងថែមទាំងបានគាំទ្រលើការអភិវឌ្ឍន៍លើបច្ចេកទេសសាងសង់នៅក្នុងប្រទេសកម្ពុជា និងបានអនុវត្តទៅលើ SDGs ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាសង្គមទូទាំងពិភពលោក ហើយដើម្បីធានាថា បច្ចេកទេសសំណង់នៅកម្ពុជា អាចអភិវឌ្ឍន៍បានត្រឹមត្រូវស្របតាមច្បាប់។ 

ឯកឧត្តម MIKAMI Masahiro បានមានប្រសាសន៍បន្តថា អាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំនង់ គឺជាផ្នែកមួយនៃច្បាប់សំណង់ឆ្នាំ២០១៩ ពួកយើងសប្បាយរីករាយដែលពួកយើងបានដើរតាមច្បាប់។ ឯកឧត្តមបានបន្តទៀតថា រដ្ឋាភិបាលជប៉ុនកំពុងតែជួយផ្នែកបច្ចេកទេសដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាផ្នែកនៃការប្តេជ្ញា៣ឆ្នាំ ដែលចាប់ផ្តើមកាលពីឆ្នាំ២០២០។ ការប្រឹងប្រែងនេះ គឺដើម្បីអភិវឌ្ឍន៍ និងកំណត់ស្តង់ដារនៅក្នុងច្បាប់សំណង់។ នៅក្នុងឆ្នាំចុងក្រោយនេះ យើងមានគម្រោងក្នុងការ បញ្ចប់ក្នុងការងារពង្រាងស្តង់ដារសំណង់។ 

ជាចុងបញ្ចប់ ឯកឧត្តម ថេង ច័ន្ទសង្វារបានថ្លែងថា ខ្ញុំសូមអរគុណ និងសរសើរដល់ក្រុមហ៊ុន URATA ដែលបានបង្ហាញនូវការជឿជាក់ដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមបានបន្តថា ក្រោមកិច្ចសហការរបស់ ក្រសួងដែនដី នគរូបនីយកម្ម ទេសចរណ៍ និងសាធារណការជប៉ុន និងក្រសួងដែនដីរបស់ព្រះរាជាណាចក្រកម្ពុជា ច្បាប់សំណង់ត្រូវបានអនុម័តក្នុងឆ្នាំ២០១៩។ ក្នុងច្បាប់សំណង់នេះ ការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់ មានតួនាទីធ្វើអោយសំណង់មានភាពត្រឹមត្រូវតាមច្បាប់ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ឯកឧត្តមបានបន្តទៀតថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការថែ្លងអំណរគុណដ៏ជ្រាលជ្រៅ ដល់ការគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកដល់ប្រទេសកម្ពុជាជាច្រើនវិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត និងការបង្វឹកដល់សិស្ស និងមន្ត្រីរាជការ។ ជាចុងក្រោយ ខ្ញុំសូមអរគុណម្តងទៀត ដល់រដ្ឋាភិបាលជប៉ុន ឯកឧត្តមអគ្គរាជទូត និងក្រុមការងារក្នុងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ សូមអោយមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន អោយបានរឹងម៉ាំគង់វង្ស ជាអមតៈ។ 

[អាស័យដ្ឋាននិងទំនាក់ទំនង]

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាន់ទី៥  បន្ទប់លេខ៥១៥

 ដីឡូតិ៍លេខ២០០៥, ផ្លូវលេខ ៣០៧, សង្កាត់ឃ្មួញ, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ,

ប្រទេសកម្ពុជា។ 

លេខទូរស័ព្ទ (+855) 23-902-115 / (+855) 92-402-161 

Email: [email protected] 

Facebook: URATA Cambodia Construction certifier License Business 

Telegram: (+855) 92-402-161